តើអ្នកបានដឹងអ្វីខ្លះជាមួយកោះចំនួន៣ដែលកំពុងមានប្រជាប្រិយភាពនៅក្នុងទឹកដីខេត្តព្រះសីហនុ?

Admin 1 year ago 236

នៅក្នុងប្រទេសកម្ពុជាមានកម្រងកោះជាច្រើននៅតាមបណ្តាខេត្តដែលនៅជាប់ឆ្នេរសមុទ្រ ដែលជាកន្លែងដ៏គួរឲ្យជាទីទាក់ទាញរបស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់លំហែកាយ។

តើអ្នកបានដឹងអ្វីខ្លះជាមួយកោះចំនួន៣ដែលកំពុងមានប្រជាប្រិយភាពនៅក្នុងទឹកដីខេត្តព្រះសីហនុ?

យើងនឹងរៀបរាប់ត្រួសៗ អំពីកោះស្អាតៗចំនួន៣ នៅខេត្តព្រះសីហនុ ក្នុងចំណោមកោះចំនួន ៣២ ដែលពោរពេញទៅដោយសក្តានុពល និងមានប្រជាប្រិយក្នុងពេលបច្ចុប្បន្ន៖

 ១. កោះរ៉ុង
កោះរ៉ុងគឺជាកោះធម្មជាតិដែលមានផ្ទៃ ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងមាន ទេសភាពស្អាតប្លែកបើប្រៀបធៀបនឹងកោះមួយចំនួននៅលើទឹកដីខេត្តព្រះសីហនុ ហើយក៏ត្រូវបានគេចាត់ទុកថាជាកោះ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាត បំផុតនៅ ឥណ្ឌូចិនថែមទៀតផង។
កោះរ៉ុងជាកោះមួយ ដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុងព្រះសីហនុមាន ផ្ទៃដីគ្របដណ្តប់៧៨ គីឡូម៉ែត្រការ៉េមានបណ្តោយប្រវែង១៥គីឡូម៉ែត្រ ទទឹងប្រមាណ៩គីឡូម៉ែត្រនិងមានចំណុចខ្ពស់បំផុតរបស់កោះមាន កម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ប្រសិនបើយើងធ្វើដំណើរពីកំពង់ផែទៅកាន់កោះរ៉ុងដោយកាណូតល្បឿនលឿននោះ គឺត្រូវប្រើពេលប្រមាណជា៣០នាទីនឹងបានទៅដល់កោះរុងជាមិនខាន។ 

បើប្រៀបធៀបជាមួយនឹងកោះមួយចំនួន កោះរ៉ុងហាក់មានប្រៀបជាងគេ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនមកសម្រាកលំហែរកាយ ព្រោះកោះនេះ មានអ្វីៗពិសេស និង សម្បូរបែបជាងកោះដទៃ ដូចជា គ្រឿងសមុទ្រស្រស់ៗច្រើន ភោជនីយដ្ឋាន រីស្សត ផ្ទះលំហែរកាយលើសមុទ្រ ជិះទូកស្ទូចត្រី ផ្កាថ្ម និងមានទេសភាពស្អាតដាច់គេ។ 


២. កោះរ៉ុងសន្លឹម
នៅក្បែរកោះរ៉ុង ក៏មានកោះដែលមានខ្សាច់សក្បុស នៅក្បែរនោះ គឺកោះរ៉ុងសន្លឹម។ លក្ខណៈពិសេសរបស់កោះរ៉ុងសន្លឹម គឺជាឆ្នេរខ្សាច់សដ៏វែង ជាមួយនឹងទឹកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតជាទេសភាពដ៏កម្រមួយ ពិសេសមានជាផ្ទះលំហែរកាយបែបរ៉ូមែទិក ដែលអាចទាក់ទាញភ្ញៀវទេសចរ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ឱ្យទៅលម្ហែកាយនៅទីនោះ និយាយឲ្យចំទៅកោះនេះមិនខុសពីកោះរ៉ុងប៉ុន្មានទេ។  


៣. កោះពស់
មិនខុសពីកោះខាងលើនោះឡើយ កោះពស់ក៏ជាកោះដែលមានសក្តានុពលខ្លាំង ក្នុងការអភិវឌ្ឍ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសំណង់។ ប៉ុន្តែវាពិសេសជាងកោះដទៃត្រង់ថា វានៅជិតបង្កើយទៅនឹងដីគោក ពោលគឺមិនដល់១គីឡូម៉ែត្រផង ឆ្លងទៅកោះនេះ។ លើសពីនេះទៅទៀត កោះនេះមានហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន ផ្លូវថ្នល់ និងគម្រោងផ្ទះលម្ហែកាយមួយចំនួន អភិវឌ្ឍន៍រួចរាល់យ៉ាងស្អាតហើយ។ បច្ចុប្បន្នភ្ញៀវទេសចរជាច្រើនបានថតរូបនៅលើ ស្ពានកោះពស់ផ្ទាល់ ដែលមើលទៅពិតជាស្អាតមែនទែន ជាពិសេសលាយឡំជាមួយទេសភាពដ៏ត្រកាល បែបធម្មជាតិ។ 

សរុបមក ពុំមែនមានតែកោះចំនួន ៣ ខាងលើនោះទេសដែលមានប្រជាប្រិយ គឺនៅមានកោះប្រមាណជា២៩ទៀត នៅខេត្តព្រះសីហនុ នេះ ដែលកំពុងតែមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរដូចគ្នា។ ស្របជាមួយនឹងកំណើន របស់ប្រជាជនខ្មែរ ក៏ដូចជាការរីកចម្រើននៃច្ចេកវិទ្យា ដូចជាបណ្តាញសង្គមជាដើម គម្រោងអភិវឌ្ឍន៍កោះទាំងនេះអាចនឹងទាក់ទាញការចាប់អារម្មណ៍ពីអ្នកភ្ញៀវទេសចរយ៉ាងច្រើនបន្ថែមទៀត ប្រសិនជាមានការវិនិយោគ ដែលគួរឱ្យចាប់អារម្មណ៍ ណាមួយកើតមាន។


កម្សាន្ត

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor