អត្ថន័យ និងប្រវត្តិ នៃការធ្វើពិធីបុណ្យរ៉ាម៉ាដន ឬពិធីបុណ្យតមចំណីអាហារ

Admin 10 months ago 262

ជនជាតិចាម ដែលកាន់សាសនាឥស្លាមនៅកម្ពុជា បានប្រារព្ធធ្វើពិធីបុណ្យរ៉ាម៉ាដន ឬហៅថាបុណ្យតមចំណីអាហារនៅពេលថ្ងៃ ដែលគេធ្វើឡើងជារៀងរាល់ឆ្នាំ ពិធីបុណ្យរ៉ាម៉ាដននៅក្នុងឆ្នាំ ២០២០ ចាប់ផ្តើមពីថ្ងៃលិច នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា និងបញ្ចប់នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា។ ឆ្នាំបន្តបន្ទាប់រ៉ាម៉ាដន ២០២១ នឹងចាប់ផ្តើមនៅពេលថ្ងៃលិច នៅថ្ងៃច័ន្ទ ទី១២ ខែមេសានិងបញ្ចប់នៅថ្ងៃអង្គារ ទី១១ ខែឧសភា ។
បុណ្យរ៉ាម៉ាដនគឺជាខែទី៩ នៃប្រតិទិនឥស្លាម១២ខែ ដែលជាប្រតិទិនតាមច័ន្ទគតិដែលផ្អែកលើដំណាក់កាលនៃព្រះចន្ទ។ ប្រតិទិនតាមច័ន្ទគតិ មិនដល់ប្រតិទិនសុរិយគតិត្រឹម១១ថ្ងៃ សម្រាប់បុណ្យរ៉ាម៉ាដន មិនបានចាប់ផ្តើមនូវកាលបរិច្ឆេទដូចគ្នារៀងរាល់ឆ្នាំនោះឡើយ  ។

ការតមចំណីអាហារ ឬបួសនៅពេលថ្ងៃនេះ គឺជាកាតព្វកិច្ចរបស់សាសនិកឥស្លាម នៅទូទាំងពិភពលោកដែលបួសមានលក្ខណៈដូចគ្នាទាំងអស់ ពីព្រោះថា ការបួសនេះវាគឺជាកាតព្វកិច្ចទី៤ នៅក្នុងមូលដ្ឋានគ្រឹះទាំង៥ របស់សាសនាឥស្លាម។
ជនជាតិចាម នៅកម្ពុជា ដែលកាន់សាសនាឥស្លាម បានប្រារព្ធធ្វើពិធីបុណ្យរ៉ម៉ាដន ឬបួសជារៀងរាល់ឆ្នាំ។ ពិធីនេះធ្វើឡើងនៅក្នុងខែទី៩នៃមហាម៉ាត់សករាជ។ ការតមអាហារក្នុងខែរ៉ាម៉ាដន ត្រូវបានច្បាប់ឥស្លាម បង្គាប់ដល់អ្នកកាន់សាសនាឥស្លាម គ្រប់ស្រទាប់វណ្ណៈ ត្រូវតែអនុវត្តមិនគិតអំពីអ្នកមាន ឬអ្នកក្រនោះឡើយ។
ការធ្វើពិធីនេះឡើង គឺដើម្បីបង្ហាញពីភាពស្មោះស្ម័គ្ររបស់សាសនិកឥស្លាម ចំពោះព្រះអល់ឡោះ ជាម្ចាស់។ ម្យ៉ាងទៀត ព្រះអល់ឡោះ បានដាក់កាតព្វកិច្ចបួសដល់អ្នកកាន់សាសនាឥស្លាម ទាំងអស់នេះ ដើម្បីជាការដាស់តឿនដល់មនុស្សគ្រប់រូប ដែលបានបំពេញកាតព្វកិច្ចបួសនោះ ទាំងអ្នកមានក្ដី អ្នកក្រក្ដី ឲ្យដឹងអំពីរសជាតិនៃការអត់ឃ្លាន និងជាការផ្សារភ្ជាប់សុខទុក្ខគ្នារវាងអ្នកមាន និងអ្នកក្រ។
មូលហេតុនៃទីមួយនោះ ដើម្បីឲ្យយើងចេះទ្រាំ ចេះអត់ធ្មត់នៅពេលដែលយើងខ្វះចំណីអាហារ។ ហើយមួយវិញទៀត ដើម្បីឲ្យយើងដឹងអំពីសុខទុក្ខអ្នកក្រ គឺយើងដឹងថា យើងបួសអត់បាយត្រឹមតែរយៈពេលមួយខែទេ ចុះបើអ្នកក្រ គេអត់បាយមួយឆ្នាំទល់មួយឆ្នាំ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក គឺយើងដឹងអំពីសុខទុក្ខអ្នកដែលក្រជាងយើង ។ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់រូបយល់ និងស្គាល់រសជាតិនៃការអត់ឃ្លានរបស់អ្នកក្រមួយចំនួនធំនៅលើពិភពលោក ការបួស គឺព្រះអល់ឡោះ ដាក់មកជាទូទៅ ទាំងអ្នកមាន និងអ្នកក្រ គឺដើម្បីឲ្យអ្នកមានយល់អំពីការខ្វះខាត ឬការអត់បាយរបស់អ្នកក្រ។
របៀបរបបនៃការតមចំណីអាហាររបស់សាសនិកឥស្លាម ក្នុងខែរ៉ាម៉ាដន នេះ គឺតមអាហារនៅពេលថ្ងៃ ចាប់ពីពេលព្រះអរុណរះ រហូតទល់ថ្ងៃលិច។ ទន្ទឹមនឹងការតមអាហារនោះ មានកត្តាជាច្រើនដែលច្បាប់ឥស្លាម ហាមឃាត់ មានដូចជា ការនិយាយអាក្រក់ពីអ្នកដទៃ ការរួមមេត្រីភាពរវាងប្ដីប្រពន្ធក្នុងពេលថ្ងៃ និងហាមមិនឲ្យបង្កជម្លោះជាមួយអ្នកដទៃជាដាច់ខាត។ បើសិនជាអ្នកណាមិនអាចហាមខ្លួនឯងបានទេ ការតមអាហារនោះត្រូវបានចាត់ទុកជាអសារបង់ ឬមិនបានផលបុណ្យអ្វីពីព្រះអល់ឡោះ នោះដែរ។
លក្ខខណ្ឌនៃការបួសដែលគេតម្រូវឲ្យអ្នកមូស្លឹមទាំងពីរភេទបួសនោះ គឺអ្នកនោះមានអាយុពេញវ័យដឹងក្ដីជាអ្នកឥស្លាម ជាអ្នកមូស្លឹម ដែលទទួលយកសាសនាឥស្លាម ជាសាសនារបស់ខ្លួន អ្នកនោះត្រូវបានច្បាប់ប្រើ ហើយជាអ្នកមូលដ្ឋានមិនមែនជាអ្នកធ្វើដំណើរ បើសិនជាអ្នកធ្វើដំណើរ ការបួសមិនមែនជាកាតព្វកិច្ចរបស់គាត់ទេ។ លក្ខខណ្ឌតទៅទៀតនោះ គឺជាអ្នកដែលមិនមានជំងឺ បើសិនជាអ្នកដែលឈឺ គេមិនបង្ខំទៅលើអ្នកជំងឺនោះទេ គាត់អាចមិនបួសបាន ប៉ុន្តែត្រូវបួសសងវិញ។ នេះជាចំណុចដែលជាលក្ខខណ្ឌដែលគេតម្រូវឲ្យបួស។

ច្បាប់អនុញ្ញាតក្នុងពេលកំពុងតមអាហារក្នុងខែរ៉ាម៉ាដន នោះដូចជា ការលេបទឹកមាត់ ការប្រឡែងលេងជាមួយប្រពន្ធដែលមិនឈានទៅដល់ការរួមភេទ និងការចាក់ថ្នាំព្យាបាលជំងឺជាដើម។ ប៉ុន្តែប្រសិនបើចាក់ថ្នាំដើម្បីមានកម្លាំងនោះ ត្រូវបានច្បាប់ហាមឃាត់ ប្រការមួយចំនួនដែលគេអនុញ្ញាតសម្រាប់អ្នកបួសនោះ គឺដូចជាការលេបទឹកមាត់ខ្លួនឯង ដែលជាធម្មជាតិរបស់មនុស្ស ហើយការអនុគ្រោះផងដែរ គឺអាចភ្លក់សម្លដើម្បីដឹងរសជាតិ ភ្លក់នៅចុងអណ្ដាត ឬក្រអូមមាត់ ហើយខ្ជាក់មកវិញ ធ្វើយ៉ាងម៉េចមិនឲ្យចូលក្នុងបំពង់ក ការអនុគ្រោះផងដែរ គឺការដុសធ្មេញ ព្រោះឥស្លាម ត្រូវការស្អាត និងអនាម័យ។  ហើយមួយវិញទៀត គឺការហិតប្រេងខ្យល់ ប្រេងកូឡា ឬក៏ដើរកាត់ធុំក្លិនគេធ្វើម្ហូបអាហារ គឺគេអត់ហាមទេ។ ហើយមួយវិញទៀត គឺសម្រាប់អ្នកជំងឺចាក់ថ្នាំតាមសរសៃដើម្បីព្យាបាល លើកលែងតែចាក់ថ្នាំដើម្បីប៉ូវកម្លាំងទើបត្រូវបានច្បាប់ហាម។
គួរបញ្ជាក់ផងដែរថាពិធីបុណ្យរ៉ាម៉ាដន បានបង្កើតឡើងចាប់ពីថ្ងៃទី២៥ តុលា  ឆ្នាំ១៩៣៨ មកទល់នឹងបច្ចុប្បន្ននេះ ៕ 

ការសិក្សា

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor