ស្រាបៀរថ្មី ម៉ាទ្រីត សហការជាមួយស្ថានីយ៍ទូរទស្សន៍ BTV បើកសង្វៀនគុនខ្មែររាល់ព្រឹកថ្ងៃសៅរ៍

Admin 8 months ago 567

    ក្រុមហ៊ុនស្រាបៀរម៉ាទ្រីត ដែលជាផលិតផលថ្មីមួយនៅកម្ពុជាបានសហការជាមួយសង្វៀនស្ថានីយទូរទស្សន៍ BTV បង្កើតកម្មធីប្រដាល់ថ្មីសន្លាងមួយទៀត មានឈ្មោះថា “អ្នកប្រយុទ្ធគុនខ្មែរស្រាបៀរម៉ាទ្រីត” ដំណើរការរៀងរាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង៨ព្រឹកតទៅ។

    លោក នាង ស៊ីវុត្ថា ប្រធានផ្គូផ្គងកម្មវិធីប្រដាល់បាយ័ន និង BTV សង្កត់ធ្ងន់ថា សម្រាប់កម្មវិធីថ្មីនេះមានការប្រកួតមិត្តភាពជាតិពិសេសៗ ចំនួន៤គូប្រកួតគ្នាកក្រើកលើផ្ទៃសង្វៀនស្ទឹងមានជ័យ ។ យ៉ាងណា នៅពេលស្ថានភាពប្រសើរឡើងវិញ លោកសន្យាថា នឹងរៀបចំការប្រកួតលក្ខណៈអន្តរជាតិសាជាថ្មី និងកាន់តែពិសេសសម្រាប់ទស្សនិកជន។

    ចំណែក ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសាទរចំពោះកម្មវិធីនេះថ្មី ដែលត្រូវបានបង្កើតឡើងក្នុងន័យលើកស្ទួយ និងបណ្ដុះបណ្ដាលធនធានកីឡាករឆ្នើមៗ ជាពិសេសឈានឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។

    ប្រមុខសហព័ន្ធដដែលក៏បានអំពាវនាវឲ្យមានការរក្សានូវវិធានការអនាម័យយ៉ាងខ្ជាប់ខ្ជួនដដែលដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ពោលបន្តប្រកួតលក្ខណៈបិទទ្វារមិនមានអ្នកចូលរួមទស្សនាផ្ទាល់ឡើយ។ ជាក់ស្ដែង សម្រាប់អ្នកចូលរួមរៀបចំបូកទាំងមន្ត្រីបច្ចេកទេស និងកីឡាករ មិនឲ្យលើស៤០នាក់ទេ។

    ចំណែកលោក ម៉ាន់ សូវៀត តំណាងក្រុមហ៊ុន 𝐈𝐧𝐭𝐞𝐫 𝐌𝐚𝐭𝐭𝐫𝐢𝐝 បានបង្ហាញអារម្មណ៍រីករាយចំពោះកម្មវិធីប្រដាល់ថ្មីនេះ ព្រោះបានសង្កេតឃើញពីការកើនឡើងយ៉ាងផុសផុលនូវវិស័យកីឡាគុនខ្មែរ។ លោករំពឹងថា នឹងអាចរួមចំណែកលើកស្ទួយគុនខ្មែរកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។

    សម្រាប់លទ្ធផលការប្រកួតបើកឆាកទាំង៤គូ រិន ដេវីត វាយឈ្នះពិន្ទុ ពេជ្រ ប៊ុនសិទ្ធ ដោយពិន្ទុ, ប៊ុន សុធា ឈ្នះ ឯម សុធី ដោយពិន្ទុ,ម៉ិល សារុន ឈ្នះសូត្រ សាណូ ដោយពិន្ទុ និង ថៃ រិទ្ធី ផ្ដួល ឈឿង ល្វៃ សន្លប់ទឹកទីពីរ៕


កីឡា

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor