ក្រុមហ៊ុន SpaceX បញ្ជូន​ផ្កាយរណប​​សម្រាប់​បង្កើត​​សេវា​អ៊ីនធឺណិត​ពី​អវកាស

Admin 6 months ago 161

ក្រុមហ៊ុន​អវកាស SpaceX កាល​ពីព្រឹក​ថ្ងៃ​សុក្រ ​បាន​បង្ហោះ​កាំជ្រួច​ Falcon 9 របស់​ខ្លួន​ចេញ​ពី​ស្ថានីយ៍​អវកាស Cape Canaveral ក្នុង​រដ្ឋ​ Florida ដោយ​ដឹក​ផ្កាយ​រណប​ Starlink ចំនួន​៥៧​ សម្រាប់ផ្គុំ​ជាមួយ​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​ផ្កាយ​រណប​របស់​ក្រុមហ៊ុន​នេះ។

ការ​បង្ហោះ​កាល​ពី​ថ្ងៃ​សុក្រ​ ធ្វើ​ឲ្យ​ក្រុមហ៊ុននេះ​ បាន​បញ្ជូន​ផ្កាយរណប​ជិត​៦០០​សម្រាប់​បង្កើត​បណ្តាញ​ផ្កាយ​រណប​ ដែល​អាច​បញ្ជូន​សេវា​អ៊ីធឺណិត​កម្រិត​លឿន​ទៅ​កាន់​អ្នក​ប្រើប្រាស់​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក។ សេវា​អ៊ឺនធឺណិត​តាម​ផ្កាយរណប​នេះ ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ចាប់​មាន​នៅ​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​កាណាដា​នៅ​ចុង​ឆ្នាំ​នេះ។

ការ​បង្ហោះ​កាល​ពី​ថ្ងៃ​សុក្រ ​ក៏​កត់​សម្គាល់​សប្តាហ៍​ដ៏​មមាញឹក​សម្រាប់​ក្រុមហ៊ុន​អវកាស​ឯកជន​មួយ​នេះ។ កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន យាន​អវកាស Crew Dragon របស់​ក្រុមហ៊ុន SpaceX បាន​វិល​ត្រឡប់​ពី​ស្ថានីយ៍​អវកាសអន្តរជាតិ​វិញដោយ​សុវត្ថភាព ​ដោយ​ដឹក​អវកាសយានិក​អង្គការ​ណាសា​ពីរ​រូប ​និង​ធ្លាក់​ក្នុង​ឈូង​សមុទ្រ​ម៉ិកស៊ិក។

បេសកកម្មបញ្ជូន​អវកាសយានិកណាសា​នេះ​ ​ជា​បេសកកម្ម​បញ្ជូន​អ្នក​អវកាស​ដំបូង​ពី​ដែនដី​សហរដ្ឋ​អាមេរិក​ចាប់​តាំង​ពី​អង្គការ​ណាសា​ បាន​បញ្ចប់កម្មវិធី​បង្ហោះ​យាន​អវកាស​របស់​រដ្ឋ​កាល​ពី​ឆ្នាំ​២០១១៕


បច្ចេកវិទ្យា

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor