ជនសង្ស័យគ្រឿងញៀន១៧នាក់ ដែលបង្កការអុកឡុកអសន្តិសុខក្នុងមូលដ្ឋានសង្កាត់ទឹកថ្លា ត្រូវនគរបាលចាប់ខ្លួន

SBT 3 months ago 180

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទីយប់ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួន ជនសង្ស័យគ្រឿងញៀន១៧នាក់ ដែលធ្វើសកម្មភាពបង្កអសន្តិសុខ និងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចក្នុងមូលដ្ឋាន នៃសង្កាត់ទឹកថ្លា និងជាមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុងមួយកន្លែង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ៖ ក្នុងចំណោមជនសង្ស័យគ្រឿងញៀន១៧នាក់ក្នុងនោះមុខសញ្ញាជួញដូរគ្រឿងញៀន ០១នាក់ មានឈ្មោះ ឡុង វិសាល ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងគ្មានទីកន្លែងពិតប្រាកដ ចំណែក១៦នាក់ទៀតជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដែលពួកគេជាអ្នកទិញថ្នាំញៀនពីឈ្មោះ ឡុង វិសាល ។
លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ៖ កម្លាំងនគរបាលជំនាញបង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀនខាងលើមានការសម្របសម្រួលនីតិវិធីដោយកញ្ញាព្រះរាជអាជ្ញារង សុង ឆវ័ន្ត និងអនុវត្តតាមបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានប្តឹងរាយការណ៍មកកម្លាំងសមត្ថកិច្ចអំពីករណីមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ ដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ។
លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា ៖ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើ ដោយមុនដំបូងកម្លាំងសមត្ថកិច្ចបានបង្រ្កាបជាក់ស្តែងករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង វិសាល ដកហូតគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០២ថង់តូច ។ ក្រោយពីឃាត់ខ្លួនជនស្ស័យនេះហើយក៏បានបន្តចុះធ្វើរដ្ឋបាលនៅចំណុចខាងលើដោយបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន ១៦នាក់ទៀត និងម៉ូតូ០៩គ្រឿង ។
ចំណែកឯវត្ថុតាងដកហូតរួមមាន ៖ គ្រឿងញៀន០២ថង់តូច ម៉ូតូ០៩គ្រឿង ។
បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបាននឹងបន្តស្រាវជ្រាវស្វែងរកបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធនិងការផ្គត់ផ្គង់គ្រឿងញៀនទៅឱ្យជនសង្ស័យគ្រឿងញៀនខាងលើ ៕

អត្ថបទទាក់ទង

Sponsor

Sponsor

Sponsor